សេវាសាធារណៈ

              និយមន័យ ឬ អត្ថន័យ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺ ៖

 I- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាប័ណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរ លើបុគ្គលម្នាក់ៗ មានសញ្ជាតិជាខ្មែរ

II- សារៈសំខាន់ ឬ សារៈប្រយោជន៍ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់

១- ទិញ លក់ ជួល បញ្ចាំ អចលនទ្រព្យ
២- រៀបអាពាហ៍ពិពាហ៍ សុំផ្តល់លិខិតឆ្លងដែន សុំចូលបំរើការងារ ។ល។
៣- ប្រើប្រាស់សម្រាប់បោះឆ្នោត ។ល។
៤- ទម្រង់គំរូ សុពលភាព និងនីតិវិធីបែបបទ ដែលត្រូវណែនាំដល់ប្រជាពលរដ្ឋបានយល់ដឹង Scan រូបភាព   អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ខាងមុខ / ក្រោយ

III- នីតិវិធីបែបបទ
ប្រជាពលរដ្ឋខ្មែរទាំងពីភេទដែលមានអាយុពី១៥ឆ្នាំឡើង ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក  ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ច ។

ប្រជាពលរដ្ឋ ដែលស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវ ៖ បង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ និងត្រូវ ភ្ជាប់ជាមួយនូវ៖

  • សំបុត្រកំណើតបញ្ជាក់សញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (ចំពោះអ្នកដែលស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយា)
  • ព្រះរាជក្រិត្យស្តីពីការផ្តល់សញ្ជាតិខ្មែរ ឬ
  • សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថាជននោះ កើតមកពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ ឬ
  • ឯកសារ ឬភស្តុតាងជាផ្លូវការដែលបញ្ជាក់ថា សាមីជនកើតមកពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ និង
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ក្នុងករណីដែលមិនទាន់មានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ត្រូវមានឯកសារបញ្ជាក់ទីលំនៅដែលត្រូវកំណត់ដោយសេចក្តីណែនាំដោយឡែក ។
មន្ត្រីនគរបាលមានសមត្ថកិច្ច ត្រូវពិនិត្យសំណុំបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ខណាដែលមានលក្ខណ សម្បត្តិដូចខាងក្រោម ៖
១- ប្រជាពលរដ្ឋត្រូវមានសញ្ជាតិជាខ្មែរ
២- ជនបរទេសត្រូវមានព្រះរាជក្រឹដ្ឋចូលសញ្ជាតិ
៣- សំបុត្រកំណើត ដែលបញ្ជាក់ថាសញ្ជាតិខ្មែរ
៤- សៀវភៅគ្រួសារ ដែលបានបញ្ជាក់ពីសហព័ន្ធសញ្ជាតិខ្មែរ ឬ
៥- សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលស្គាល់ថាជននោះកើតពីឪពុក ឬ ម្តាយ ដែលមានសញ្ជាតិខ្មែរ ឬ
៦- ព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សញ្ជាតិខ្មែរ ឬ
៧- ឯកសារ ឬ ភស្តុតាងជាផ្លូវការដែលបញ្ជាក់ថា សាមីជនកើតមកពីឪពុក ឬ ម្តាយដែលមានសញ្ជាតិខ្មែរ

IV- តម្លៃសេវារដ្ឋបាល ឬអាករ ៖ សម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មិនត្រូវបង់ថ្លៃសេវា ឬអាករឡើយ។